រដ្ឋបាលខេត្តស្វាយរៀង ចុះពិនិត្យវឌ្ឍនភាពការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងផ្ទះចំនួន ១២៦ ខ្នង ជូនគ្រួសារអតីតយុទ្ធមិត្ត ១៩៧៨ នៅស្រុកកំពង់រោទិ៍ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Monday, February 23, 2026

រដ្ឋបាលខេត្តស្វាយរៀង ចុះពិនិត្យវឌ្ឍនភាពការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងផ្ទះចំនួន ១២៦ ខ្នង ជូនគ្រួសារអតីតយុទ្ធមិត្ត ១៩៧៨ នៅស្រុកកំពង់រោទិ៍



 រដ្ឋបាលខេត្តស្វាយរៀង ចុះពិនិត្យវឌ្ឍនភាពការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងផ្ទះចំនួន ១២៦ ខ្នង ជូនគ្រួសារអតីតយុទ្ធមិត្ត ១៩៧៨ នៅស្រុកកំពង់រោទិ៍


ក្រុមការងារចម្រុះដឹកនាំដោយលោក ម៉ែន អេង អភិបាលរង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងគម្រោងផ្ដល់ដី និងផ្ទះសម្បទានសង្គមកិច្ចជូនគ្រួសារអតីតយុទ្ធមិត្ត ១៩៧៨ ចំនួន ១២៦ ខ្នង។ ពិធីនេះមានការអញ្ជើញចូលរួមពី លោកនាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកអភិបាលរងស្រុក ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត ទីចាត់ការរដ្ឋបាលសាលាខេត្ត ទីចាត់ការអន្តរវិស័យសាលាខេត្ត និងអាជ្ញាធរមូលដ្ឋាន ដែលស្ថិតនៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ។


ក្នុងដំណើរចុះពិនិត្យនេះ លោកអភិបាលរងខេត្ត រួមជាមួយលោកនាយករងរដ្ឋបាលសាលាខេត្ត ស្នងការរងនគរបាលខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ បានពិនិត្យយ៉ាងល្អិតល្អន់លើការងារសំខាន់ៗ ដូចជាការឈូសឆាយទីតាំងដីសម្បទានឱ្យមានសោភ័ណភាព និងត្រឹមត្រូវតាមប្លង់បច្ចេកទេស។ ពិនិត្យ និងត្រៀមការជីកអណ្តូងទឹក ការរៀបចំបណ្តាញទឹក និងការតភ្ជាប់បណ្តាញអគ្គិសនី ដើម្បីធានាថាគ្រួសារអតីតយុទ្ធជននឹងមានទឹក និងភ្លើងប្រើប្រាស់គ្រប់គ្រាន់ពេលចូលរស់នៅ។ ការស្ថាបនាផ្លូវក្នុងតំបន់សម្បទានសង្គមកិច្ច ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ។


ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានមានប្រសាសន៍សង្កត់ធ្ងន់ថា ការងារសាងសង់ និងការរៀបចំទីតាំងនេះ ត្រូវតែធ្វើឡើងដោយស្មារតីទទួលខុសត្រូវខ្ពស់ និងឱ្យទាន់ពេលវេលាដែលបានកំណត់។ លោកបានបញ្ជាក់ថា "ការរៀបចំឈូសឆាយដី ជីកអណ្តូង និងការរៀបចំប្រព័ន្ធទឹកភ្លើង គឺជាអាទិភាពខ្ពស់បំផុត ដើម្បីត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងយើងធ្វើការប្រគល់ផ្ទះ និងដីសម្បទានសង្គមកិច្ចជាផ្លូវការ ជូនដល់បងប្អូនគ្រួសារអតីតយុទ្ធមិត្ត ១៩៧៨ ទាំង ១២៦ ខ្នងនេះ។ យើងត្រូវធានាថា នៅពេលពួកគាត់មកដល់ គឺមានលំនៅឋានសមរម្យ និងមានជីវភាពរស់នៅប្រកបដោយផាសុកភាព។"


តាមរយៈការចុះពិនិត្យនេះ ក៏មានការចូលរួមផ្ដល់យោបល់បច្ចេកទេសពីសំណាក់ មន្ទីររៀបចំដែនដី មន្ទីរអភិវឌ្ឍន៍ជនបទ រដ្ឋាករទឹកស្វាយរៀង ពិនិត្យលើការងារបែងចែកឡូតិ៍ដី និងប្រព័ន្ធទឹក និងអនាម័យ។ ដោយឡែក មន្ទីរសាធារណការ និងធនធានទឹក ពិនិត្យលើការងារស្ថាបនាផ្លូវ និងប្រព័ន្ធរំដោះទឹក។ រីឯមន្ទីរកសិកម្ម និងបរិស្ថាន ពិនិត្យលើការរៀបចំបៃតង និងការដាំដុះជុំវិញតំបន់រស់នៅ។


ជាទីបញ្ចប់ លោកអភិបាលរងខេត្ត បានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសលោកមេឃុំត្នោត និងលោកអភិបាលស្រុកកំពង់រោទិ៍ ត្រូវបន្តតាមដាន និងសហការជាមួយក្រុមការងារបច្ចេកទេសឱ្យស្អិតរមួត ដើម្បីឱ្យគម្រោងមនុស្សធម៌ដ៏មានសារៈសំខាន់នេះ សម្រេចបានជោគជ័យតាមការរំពឹងទុករបស់ថ្នាក់ដឹកនាំខេត្ត និងរាជរដ្ឋាភិបាល៕















































No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages